ប្រធានសហព័ន្ធគុនដាវកម្ពុជាបង្ហាញភាពកក់ក្តៅ ចំពោះកិច្ចសហការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធគុនដាវកម្ពុជាបានបង្ហាញនូវភាពកក់ក្តៅចំពោះកិច្ចសហការគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់កិច្ចសហការគាំទ្រដ៏កក់ក្ដៅដល់ដំណើរការសហព័ន្ធកីឡាគុនដាវកម្ពុជា។

នៅក្នុងឱកាសបិទការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ពហុកីឡដ្ឋានវេស្ទើន, ឯកឧត្តម តែ ឡូរិន មានប្រសាសន៍ថា យោងតាមរបាយការណ៍លទ្ធផលនៃការប្រកួតរបស់ លោក ឃុត សៀង ប្រធានបច្ចេកទេស ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរដល់កីឡាករ-ការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរចំពោះកីឡាករ កីឡការិនីទាំងអស់ ដែលខិតខំអស់សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់បានជ័យជម្នះ ប៉ុន្តែលទ្ធផលនៃការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែកឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា «ចំពោះកីឡាគុនដាវកម្ពុជា យើងបានប្ដេជ្ញាចិត្តដណ្ដើមឲ្យបានមេដាយមាសក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យបានជាអតិប្បរមា។ ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តផ្តោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ឲ្យបានឱ្យបានខ្លាំងក្លា អស់ពីកម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យជោគជ័យ នៅ ស៊ីហ្គេម ឆ្នំា២០២៣ នេះ ដ៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។

ប្រធានសហព័ន្ធលើកឡើងថា កីឡាគុនដាវ “Fencing” ឬ “Escrime” ដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះ គឺជាកីឡាមួយថ្មីណាស់ សម្រាប់ប្រទេសកម្ពុជា ហើយភាគច្រើនយល់ច្រឡំទៅជាកីឡាគុនដំបងវិញ ហើយខ្លះទៀតយល់ថាជាកីឡាកាប់ដាវដូចរឿងគុនចិន តែការពិតទៅ កីឡានេះ គឺជាកីឡាមួយប្រភេទដែលមានកំណើតមកពីអឺរ៉ុបជាកីឡាសម្រាប់អភិជននៅប្រទេសគេ ព្រោះគេបានគិតគូរខ្ពស់ណាស់ពីសុវត្ថិភាពរបស់កីឡាករ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះទទួលបានការអញ្ជើញផ្តល់កិត្តិយសចូលរួមផ្តល់ការលើកទឹកចិត្ត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីដែរ រួមមាន៖ លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា, លោក កាំង សុធា អនុប្រធានរដ្ឋបាល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ