CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្តេជ្ញាគោររពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញឱ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានភាពជោគជ័យ ប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូរ។

នេះការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ការរាប់ថយក្រោយ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA GAMES-ASEAN PARA GAMES) ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្តេចសូមសម្ដែងនូវក្តីរំភើបរីករាយ និងកក់ក្តៅជាទីបំផុត នៅចំពោះមុខសមិទ្ធផលកីឡាដ៏ធំធេងមហិមា នាពេលនេះ។ ក្នុងឱកាសដ៏វិសេសវិសាល នៃការរៀបចំពិធីរាប់ថយក្រោយ៥០២ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាតំបន់ដ៏ធំនេះ និងការបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA Games-ASEAN Para Games នៅទូទាំងប្រទេស និងលើឆាកអន្តរជាតិ តាមរយៈខ្លឹមសារយុទ្ធនាការ ដូចខាងក្រោម៖ ១.កីឡារស់ក្នុងសន្តិភាព។ ២.ប្រជាជនម្នាក់ លេងកីឡាមួយមុខ។ ៣.កម្ពុជាស្អាត និង ៤.កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបន្ថយឥទ្ធិពលគ្រឿងញៀន។

សម្តេចពិជ័យសេនាបានបន្ដថា គណៈកម្មាធិការជាតិ CAMSOC តែងតែគោរព អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍ថា ត្រូវរៀបចំប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ មិនប្រើប្រាស់សារធាតុហាមឃាត់ ដូពីង ក្នុង នាមជាម្ចាស់ផ្ទះ រីឯការឈ្នះចាញ់ជារឿងធម្មតាសម្រាប់ការប្រកួតកីឡា។ «អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ យើងខ្ញុំទាំងអស់គ្នាបានទទួលយកជាគោលការណ៍តម្រង់ទិស សម្រាប់កិច្ចប្រតិបត្តិក្នុងគណៈកម្មាធិការជាតិ CAMSOC ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងលើសេវារៀបចំបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ស្នាក់នៅ ហូបចុក សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរៀបចំការប្រកួត ដោយឈរលើគោលការណ៍លេងដោយយុត្តិធម៌ “Fair Play” ប្រកាន់ ខ្ជាប់នូវក្រមប្រតិបត្តិកីឡា និងក្រមសីលធម៌កីឡាទាំងអស់គ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមថា មកដល់ពេលនេះ គណៈកម្មាធិការជាតិ CAMSOC អាចវាយតម្លៃការអនុវត្តផែនការមេរបស់ខ្លួនថា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្បទាកីឡា ទីលានកីឡា សម្រេចបានជាង៧០ភាគរយ នៅសេសសល់ការកែលម្អ ជួសជុល ដំឡើងគុណភាព និងកសាងទីលានកីឡាថ្មី សម្រាប់កីឡាបាញ់កាំភ្លើងមួយតែប៉ុណ្ណោះ។ ចំពោះការគ្រប់គ្រងដឹកនាំ គណៈកម្មការជំនាញនីមួយៗ របស់គណៈកម្មាធិការជាតិ CAMSOC បានប្រព្រឹត្តិទៅដោយរលូន និងមានជំនាញការបរទេស បាននិងកំពុងជួយបណ្តុះបណ្តាលរបៀបរបបរៀបចំព្រឹត្តិការណ៍កីឡាធំៗ បានសម្រេចប្រមាណ៦០ភាគរយរួចហើយ។ ផែនការអភិវឌ្ឍសមត្ថភាព គុណផលកីឡា សម្រាប់មន្ត្រីកីឡាជំនាញ និងកីឡាករជម្រើសជាតិ មានដំណើរការរអាក់រអួលនៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ក៏ប៉ុន្តែរក្សានិរន្តរភាព កម្រិតបច្ចេកទេសមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នៅបន្តឧបត្ថម្ភគាំទ្រក្រុមកីឡាករជម្រើសជាតិ ហ្វឹកហាត់តាមគេហដ្ឋាន និងទីតាំងសុវត្ថិភាព រហូតដល់ខែតុលា ឆ្នាំ២០២១ ទើបរៀបចំហ្វឹកហាត់ដោយបោះជំរុំបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

បើតាមការវាយតម្លៃបច្ចេកទេស ធៀបនឹងផែនការមេ ក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាកម្រិតខ្ពស់ ទើបតែអនុវត្តបានជាង ៤០ភាគរយ តែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC បាននិងកំពុងពន្លឿនការងារគ្រប់គ្រង និងយន្តការរដ្ឋបាល បច្ចេកទេស ដោយកំណត់របៀបរបបប្រជុំគណៈអចិន្ត្រៃយ៍រៀងរាល់សប្ដាហ៍ និងប្រជុំរួមរៀងរាល់ត្រីមាស ដើម្បីពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ វាយតម្លៃ ដោះស្រាយបញ្ហាប្រឈម និងដាក់ផែនការអនុវត្តបន្ត។ យន្តការនេះគណៈកម្មាធិការជាតិ CAMSOC បានទទួលនូវសូចនាករ គួរជាទីពេញចិត្ត និងលទ្ធផលការងារជាវិជ្ជមាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងបន្ថែមថា ក្នុងឆ្នាំ២០២២ គឺជាពេលវេលា ស្ថិតក្នុងអំឡុងពេលធ្វើសកម្មភា ពអនុវត្តព្រឹត្តិការណ៍ “Games Operation Times” ដែលយើងជាម្ចាស់ផ្ទះ នៅសល់តែ ៥០២ថ្ងៃប៉ុណ្ណោះ ត្រូវសម្រេចឱ្យគ្រប់លក្ខណៈសម្បត្តិ ត្រៀមទទួល ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ៕

ប្រភព: CAMSOC

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ