មហាសន្និបាតខេមរសហព័ន្ធយូដូសម្រេចបានសមាសភាព សមាជិកប្រតិបត្តិ១៣រូប សម្រាប់អាណត្តិថ្មី ២០២១-២០២៥
ខេមរសហព័ន្ធយូដូបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមហាសន្និបាតជ្រើសរើសបានសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីចំនួន១៣រូប តាមរយៈការអនុម័តផ្តល់សេចក្តីទុកចិត្តដោយការលើកដៃ។
គណៈកម្មាធិការប្រតិត្តិសហព័ន្ធអាណត្តិថ្មីនេះ រួមមាន៖ លោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី ២០២១-២០២៥ អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។
លោក ឌៀប វណ្ឌី អនុប្រធានខេមរសហព័ន្ធយូដូបានបង្ហាញសកម្មការងារអភិវឌ្ឍវិស័យកីឡាយូដូក្នុងរយៈពេញ១អាណត្តិទី៧កន្លងមក ដោយសហព័ន្ធទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ៣ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២១ ក្នុង១ឆ្នាំ ៦០លានរៀល។ ក្នុងចំនួនថវិកាគាំទ្រនេះគឺបានប្រើប្រាស់២០% លើផ្នែករដ្ឋបាល, ៣៥%ប្រើប្រាស់លើវគ្គបណ្តុះបណ្តាលធនធាន និង៤៥%ប្រើប្រាស់លើការប្រកួតជើងឯកថ្នាក់ជាតិ។ ជាមួយគ្នានោះ លោក ឌៀប វណ្ឌី បានស្នើក្រសួងអប់រំ យុវជន និងកីឡាបន្តផ្តល់ថវិកាគាំទ្រ ដើម្បីជួយបណ្តុះបណ្តាលធនធានគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងស្នើបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីទៅហ្វឹកហាតនៅក្រៅប្រទេស ដើម្បីធានាគុណភាព និងបទពិសោធបច្ចេកទេសថ្នាក់ជាតិអន្តរជាតិ ដើម្បីត្រៀមចូលរួមរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក ហេង លី ប្រធានខេមរសហព័ន្ធយូដូអាណត្តិថ្មីបង្ហាញនូវក្តីរីករាយ ដែលសមាជិកនានាបានផ្តល់ការគាំទ្របោះឆ្នោតគាំទ្រដល់លោក បន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត។ លោកបានប្តេជ្ញាចិត្តថា បន្តអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យបានល្អប្រសើរ និងឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្តពង្រឹង និងពង្រីកខេមរសហព័ន្ធយូដូឲ្យកានតែមានបរិមាណ និងគុណភាព ក្នុងការផលិតធនធានកីឡាករ កីឡាការិនី ក៏ដូចជាពង្រីកក្លិបកីឡាយូដូនានាឲ្យកាន់តែសម្បូរបែបបន្ថែមទៀត។ ជាមួយគ្នានោះ លោកប្រធាននឹងជំរុញការងាររៀបចំផ្ទៃក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធឲ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះទទួលបានការចូលរួមធ្វើជាសាក្សីពីលោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ឯម ហៀងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕